អគ្គនាយកដ្ឋានគយ ប្រកាសថា រថយន្ត និងទំនិញគេចពន្ធ នឹងត្រូវដាក់លក់ ប្រសិនបើម្ចាស់មិនចូលខ្លួនដោះស្រាយ
ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសថា រថយន្ត និងទំនិញគេចពន្ធ ដែលខ្លួនបានរឹបអូសនោះ នឹងត្រូវដាក់លក់ប្រសិនបើម្ចាស់មិនចូលខ្លួនដោះស្រាយទេនោះ។យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយ បានបញ្ជាក់ថា អគ្គនាយកដ្ឋានគយ ទុករយៈពេល៦០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះ ឲ្យម្ចាស់រថយន្ត និងទំនិញគេចពន្ធចូលខ្លួនទៅដោះស្រាយ។ម្ចាស់យានយន្ត និងម្ចាស់ទំនិញគេចពន្ធ ដែលត្រូវបានបង្ក្រាប និងរក្សាទុកបណ្ដោះអាសន្ននោះ ចូលខ្លួនបំពេញកាតព្វកិច្ចពន្ធអាករ និងពិន័យតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ក្នុងសេចក្តីជូនដំណឹង ក៏បានបញ្ជាក់ដែរថា ចំពោះរថយន្តចង្កូតស្តាំវិញ ម្ចាស់រថយន្តត្រូវបំពេញលក្ខខណ្ឌចំនួនពីររួម៖
ទី១-កក់ប្រាក់ចំនួន ៧០% នៃប្រាក់ពន្ធអាករ និងពិន័យដែលត្រូវបង់ និងយករថយន្តទៅកែចង្កូតពីស្តាំ មកឆ្វេងនៅយានដ្ឋានដែលទទួលស្គាល់ដោយស្ថាប័នមានសមត្ថកិច្ច។
និងទី២-ក្នុងរយៈពេលមិនលើសពី ៣០ថ្ងៃ ម្ចាស់រថយន្តត្រូវយករថយន្ត ដែលបានកែចង្កូតរួចមកបង្ហាញ មន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ច និងបង់ប្រាក់ពន្ធអាករ និងពិន័យបន្ថែម ៣០% ទៀត ដើម្បីទទួលបានបង្កាន់ដៃពន្ធយានយន្តសម្រាប់ប្រើប្រាស់ក្នុងការចុះបញ្ជីយានយន្តស្របតាមច្បាប់និង បទប្បញ្ញត្តិជាធរមាន៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ